កម្សាន្ត៖ អតីតតារាចំរៀងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បាននឹងកំពុងធ្វើឲ្យមហាជនក៏ដូចជាមិត្តៗយុវវ័យអន្ទះសាជាខ្លាំង ក្រោយពីបានឃើញ កញ្ញាបញ្ចេញ TEASER បទចំរៀងមួយបទ ដែលមានចំណងជើងថា « Top Of the lady» ដែលមានភាពច្នៃប្រឌិត ព្រមទាំងប្លែកភ្នែកអ្នកទស្សនាមិនធម្មតា។
យ៉ាងណាមិញ ក្រោយការទម្លាយ TEASER មិនទាន់បានមួយថ្ងៃផងសន្ទុះនៃការគាំទ្រហាក់កើនឡើងទ្វេដង ដោយនៅក្នុងនោះផងដែរ តារាហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា អធិការ បានលួចប្រាប់មហាជនថា កញ្ញា ទេព បូព្រឹក្ស បានសម្រេចចិត្តលក់ឡានផ្ទាល់ខ្លួនដើម្បីយកលុយមកផលិត MV នេះឡើង ដោយចំណាយប្រាក់ប្រមាណជា 600លានរៀល។ នេះបើយោងតាមសំណេររបស់លោក អធិការ។
ដោយក្នុងសំណេរនោះលោកបានរៀបរាប់ថា៖ ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹងមួយរយះក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady | នេះ ! ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់ 600លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត ! ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ !ការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន ។គម្រោងធ្វើបទមួយដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន ហើយProject MVនេះត្រូវបានដំឡើងរយះពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់* | ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់ |មកនិយាយពីឈុតនៅក្នុងMVម្តង ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយគឺមិនសរសើរមិនបានទេ ! ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នានិងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញstudioតែម្តង ! នៅមានឈុតអស្ចារ្យជាច្រើនទៀតដែលអ្នកទាំងអស់គ្នានិងឃើញក្នុង MV ពេញ នាពេលខាងមុខនេះ ! ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារី | Top Of The Lady | នេះនិងដាស់ព្រលឹងវិញ្ញាណកូនខ្មែរគ្រប់រូបមិនថាអ្នកនៅទីណា អ្នកនិងមានមោទនភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ សមិទ្ធផលMvនេះនិងប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវមករអ៊ូប្រាប់អ្នកជិតខាងថានេះជារបស់យើងទេ ព្រោះម្ចាស់ពិតប្រាកដត្រូវបានគេដឹងនិងទទួលស្គាល់ទូទាំងសកលលោក តួនាទីរបស់យើងគ្រប់រូបគឺត្រូវពង្រឹង និងផ្សព្វផ្សាយបន្តតាមរយះការគាំទ្រសិល្ប:របស់យើង៕






អត្ថបទ៖ រចនា