2022/08/11 at 5:59 AM
Banner Top
ដំបូងក្ដៅខ្លួនស្មានតែឈឺធម្មតា លុះស្កេនមើលឃើញមហារីកដុំសាច់ក្នុងពោះ ព្យាបាលបាត់ស្មានតែលែងអី ស្រាប់តែចេញដុំសាច់ឆ្អឹងខ្នងមួយទៀត ចុងក្រោយមិនអាចសង្គ្រោះជីវិតបាន

ករណីកុមារាម្នាក់ ឈ្មោះ ឆាត លីហុង អាយុ ៦ឆ្នាំ មានអាការៈក្តៅខ្លួន ហើយឱពុកម្តាយ គិតថាត្រឹមជាជំងឺធម្មតា លុះដាក់ថ្នាំ ដាក់សេរ៉ូម មិនបាត់ ក៏បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅពាក់កណ្តាលខែ មិនា ឆ្នាំ២០២១។ បន្ទាប់ពីបានជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យ និងទទួលការព្យាបាលរយៈពេលជាង ១០ថ្ងៃមក លទ្ធផលនៅតែមិនបានធូរស្រាល។ លុះដល់ឆ្លងកាត់ការតេស្ត IMR ក៏ពិនិត្យឃើញថាជាជំងឺមហារីក ដុំសាច់នៅក្នុងពោះ។

កុមារាខាងលើ ទទួលការព្យាបាលជំងឺមហារីក ដោយការប្រើប្រាស់ថ្នាំគីមី។ អស់ពេលមួយរយៈមក បានចូលពិនិត្យ CT Scan ហើយឃើញថា ដុំសាច់នោះ បានបាត់អស់។ ឱពុកម្តាយរបស់កុមារារូបនោះ សប្បាយចិត្តជាពន់ពេក ព្រោះកូនបានជាសះស្បើយ ហើយត្រឡប់មកផ្ទះវិញ។ មិនយូរប៉ុន្មាន កុមារ លីហុង មានអាការៈមិនសូវស្រួល ឱពុកម្តាយរបស់គេ ក៏នាំមកថត CT Scan នៅមន្ទីរពេទ្យម្តងទៀត។ អ្វីដែលគួរឱ្យស្លុតចិត្តនោះ គឺលទ្ធផលចេញមកបង្ហាញថា មានដុំសាច់ថ្មីមួយទៀត ដុះនៅឆ្អឹងខ្នងកៀបសរសៃ ត្រូវធ្វើការវះកាត់ជាបន្ទាន់។

ឱពុកម្តាយរបស់កុមារា លីហុង បានសម្រេចបញ្ជូនកូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការវះកាត់។ រយៈពេលមួយអាទិត្យក្រោយមកក៏បានវះកាត់រួចរាល់។ វះកាត់ហើយបានកន្លះខែមើលសភាពជំងឺមិនបានធូរស្បើយ ឱពុកម្តាយរបស់កុមាររូបនោះ បានសម្រេចចិត្តសុំលោកគ្រូពេទ្យយកកូនមកផ្ទះ។ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺមិនបានធូរស្បើយឡើយ។

រហូតមកដល់ថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ កុមារា ឆាត លីហុង បានទទួលមរណៈភាព បន្សល់ការសោកស្តាយជាពន់ពេកដល់ឱពុកម្តាយ និងសាច់ញាតិរបស់គេ។ ក្រោយកូនទទួលមរណៈភាព ម្តាយរបស់ កុមារាខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ម៉ាក់សូមអោយកូនបានទៅកាន់សុគតិភព កើតជាតិណាៗសូមឱ្យកូនអាយុវែង មានសុខភាពបរិបូរណ៍កុំអោយអភ័ព្វដូចជាតិនេះទៀត។ បើមាននិស្ស័យសូមអោយកូនមកជាកូនម៉ាក់ទៀតណាកូន” ៕

ប្រភព ៖ គណនីហ្វេសប៊ុក Sun Kakda

Banner Content

Related Article

0 Comments

Leave a Reply