នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តាមដីកាអនុញ្ញាតិអោយឆែកឆេររបស់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោមការដឹកនាំចុះផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.គ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ដោយលោកប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ជាលទ្ធផលនៃការចុះឆែកឆេរនេះ សមត្ថកិច្ចបានពិនិត្យរកឃើញថា ៖ ទីតាំងខាងលើ មានលិខិតអនុញ្ញាតិតែអគារឱសថបុរាណភ្នំទ្រទ្រង់ ក្រៅពីនោះគឺគ្មានឡើយ ។ ហើយក្នុងនោះ ការស្តុកទុកលក់ និងចែកចាយផលិតផលគ្រឿងសម្អាង សាប៊ូលម្អងក្បាលល្មៀតខ្មែរ ភ្នំទ្រទ្រង់ Skin Care P. .C ម៉ាស់អប់សក់ក្រូចសើចខ្មែរ ស្ក្រាប់អប់ស្បែកបុរាណខ្មែរ ម៉ាស់អប់មុខសណ្តែកបុរាណខ្មែរ គឺគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ។ បន្ថែមពីនោះ ការច្នៃផលិតផលគ្រឿងសម្អាង សាប៊ូលម្អងក្បាលល្មៀតខ្មែរ ភ្នំទ្រទ្រង់ Skin Care P. .C ម៉ាស់អប់សក់ក្រូចសើចខ្មែរ ស្ក្រាប់អប់ស្បែកបុរាណខ្មែរ ម៉ាស់អប់មុខសណ្តែកបុរាណខ្មែរដដែល ក៏ពុំមានលិខិតអនុញ្ញាតិពីក្រសួងត្រឹមត្រូវឡើយ ។

ក្រោយការពិនិត្យរកឃើញថា មិនលិខិតអនុញ្ញាតិត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ សមត្ថកិច្ចក៏បានសម្រេចអោយម្ចាស់ទីតាំង ចូលខ្លួនទៅបំភ្លឺចំពោះមុខសមត្ថកិច្ច គ.ប.ផ.ក នៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃខែដដែលផងដែរ ដោយម្ចាស់ទីតាំងខាងលើនេះ មានឈ្មោះ វ៉ាន់ ឈុនឡេង ភេទប្រុស អាយុ៤០ឆ្នាំ ។

សូមបញ្ជាក់ថា ក្នុងការចុះឆែកឆេរពិនិត្យខាងលើនេះ កម្លាំងសមត្ថកិច្ចបានពិនិត្យលើផលិតផលគ្រឿងសម្អាង និងម៉ាស៊ីសម្រាប់ផលិត សរុបចំនួន៣៤មុខ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតផលិតផលដែលជាគ្រឿងសម្អាង ក្នុងមួយមុខបន្តិចៗ ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍អោយបានច្បាស់លាស់ថា តើគុណភាពផលិតផលទាំងនោះ មានការប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋដែលប្រើប្រាស់ឬទេ? ទន្ទឹមនឹងនោះដែរ ចំពោះផលិតផល ដែលនៅសេសសល់ សមត្ថកិច្ចសម្រេចចាក់សោឃ្លុំប៉េទុកនៅក្នុងបន្ទប់ធំមួយ នៅក្នុងទីតាំងខាងលើ ជាបណ្តោះអាសន្នសិនផងដែរ ៕
ប្រភព៖ កោះសន្តិភាព