2022/08/11 at 5:40 AM
Banner Top
បុគ្គលិក​មួយ​ក្រុម ចេញមុខ Live ហ្វេសប៊ុក ​ការពារក្រុមហ៊ុនចិន ក្រោយល្បីថាថៅកែ​ចិន បង្ខាំង​ឲ្យបុគ្គលិក​ធ្វើការ​ក្នុងកាស៊ី​ណូជាង១​ឆ្នាំ​ មិនឲ្យចេញមកក្រៅបាន

ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៣ ខែតុលា ឆ្នាំ​២០២១ មាន​ស្ត្រី​បុគ្គលិក កាស៊ីណូ ដឹ សេន​ជូ​រី ( The Century Casino ) មួយក្រុម ដែល​អះអាងថា បាន​ធូរស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ បានចេញ​មុខ Live ហ្វេ​ស​ប៊ុ​ក ថ្លែង​ការពារ​ក្រុមហ៊ុន​កាស៊ីណូ​ចិន នៅ​ក្រុងព្រះសីហនុ​។

ខ្លី​ប​វិ​ដេ​អូ ប្រមាណ ២៥​នាទី​នោះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ យកទៅ​បង្ហោះ ហើយ​សរសេរ​ចំណងជើង​ថា «​សូម​ស្តាប់​ការបកស្រាយ តាមរយៈ​ការ Live ផ្ទាល់​ពី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១»​។​

​ក្នុងពេល​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក លើ Account ឈ្មោះ Theary Be Strong បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ក្រុម​ស្ត្រី​បុគ្គលិក ដែល​បាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក លើក​មុន កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ជុំវិញ​ការផ្ទុះ​ករណី​ឆ្លង​កូ​វីដ ក្នុង​កាស៊ីណូ ដឹ​សេន​ជូ​រី ដែលមាន​បុគ្គល​ឆ្លង ដល់​ទៅ​ជាង ៤០០​នាក់​។

​ក្រុម​ស្ត្រី​បុគ្គលិក ទើប​ចេញ​វិ​ដេ​អូ​ថ្មី​នេះ លើកឡើងថា មិនមាន​ការបង្ខិតបង្ខំ ឬក៏​បង្ខាំង​បុគ្គលិក​នោះទេ​។ ពួកគេ​ខ្លះ ធ្វើការ​ដល់​ជាង ៥​ឆ្នាំ​ហើយ នៅ​ទីនោះ​។ នៅពេល​ឈឺ​ឆ្លង​កូ​វីដ​នេះ ក៏មាន​ពេទ្យ មក​មើល​ធម្មតា ហើយ​ក្រុមហ៊ុន ចែក​ថ្នាំពេទ្យ ម៉ាស និង​ផ្លែឈើ ដោយ​ចែក​រៀងរាល់ថ្ងៃ​។ ក្រុមហ៊ុន ក៏បានផ្តល់​បាយទឹក ១​ថ្ងៃ ៤​ពេល​។ នៅពេល​សម្រាក​ព្យាបាល​កូ​វីដ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ គឺ​ក្រុមហ៊ុន​មិនបាន​កាត់​ប្រាក់ខែ​ទេ​។​

​យ៉ាងណាក៏ដោយ ក្រុម​ស្ត្រី​អ្នក Live វិ​ដេ​អូ តាម​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ ទទួលស្គាល់ថា ក្រុមហ៊ុន​កាស៊ីណូ ដឹ​សេន​ជូ​រី មិន​ឲ្យ​បុគ្គលិក​ចេញ​ក្រៅ ក្នុង​រយៈពេល​ជាង ១​ឆ្នាំនេះ តែ​ជា​ការបិទ​ខ្ទប់ ដោយសារតែ​ខ្លាច​ឆ្លង​កូ​វីដ ហើយ​អ្នក​នៅ​ធ្វើការ​ក្នុង​កាស៊ីណូ អន​ឡាយ ដែល​មិន​ចេញ​ក្រៅ​ទាំងនោះ ក៏​ធ្វើ​ដោយ​ស្ម័គ្រចិត្ត មិនមាន​ការបង្ខំ ឬ​បង្ខាំង​ទេ​។ បើ​មាន​អ្នកធ្វើ​មិនបាន អាចដាក់​ពាក្យ សុំ​ឈប់​បាន​។​

​មកដល់​ថ្ងៃអាទិត្យ ទី​៣ ខែតុលា​នេះ ក្រុម​ស្ត្រី​បុគ្គលិក ដែល​ឡាយ​ហ្វេ​ស​ប៊ុ​ក អះអាងថា ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ដឹ​សេន​ជូ​រី  គឺ​ឈឺ​ឆ្លង​កូ​វីដ​សឹង​ទាំងអស់ ដែលមាន​ចំនួន​ជាង ៤០០​នាក់​។ តែ​ស្ថានភាព បាន​គ្រាន់បើ​ហើយ ដោយ​ពេទ្យ ប្រាប់ថា ឈឺ​កម្រិត​ស្រាល​។ នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែតុលា​ស្អែក​នេះ ពេទ្យ​នឹង​មក​ធ្វើតេស្ត យក​សំណាក​ម្តងទៀត​។​

​យ៉ាងណាក៏ដោយ ក្រុម​ស្ត្រី​បុគ្គលិក បញ្ជាក់​ជាថ្មី​ថា នៅពេលនេះ ក្រុមហ៊ុន​កាស៊ីណូ បិទ​ហើយ ដោយ​មិន​បន្តការងារ​ទេ​។ ចំណែក​ការមិន​ឲ្យ​បុគ្គលិក​ចេញចូល ជាង ១​ឆ្នាំកន្លងមក ដោយសារតែ​ខ្លាច​ឆ្លង​កូ​វីដ​។ ម្យ៉ាង​បើ​ក្រុមហ៊ុន​អាក្រក់​ដូច​គេ​លើកឡើង​មែន ម្លេះ​បុគ្គលិក​ប្តឹង​យូរហើយ ព្រោះ​ម្នាក់ៗ សុទ្ធ​តែមាន​ទូរស័ព្ទ​គ្រប់​ដៃ​។​

​សូម​រម្លឹកថា ការ​ចេញមក Live ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ដែល​ឆ្លង​កូ​វីដ​ទាំងនេះ គឺធ្វើឡើង បន្ទាប់ពី​មាន​ក្រុម​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី មួយក្រុម បាន Live ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣០ ខែកញ្ញា សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ ដោយ​អះអាងថា ពួកគេ​ឆ្លង​កូ​វីដ ហើយ​មិនមាន​ពេទ្យ​មក​មើល និង​ត្រូវ​ស្នាក់​នៅក្នុង​កាស៊ីណូ ដែល​ព្យាបាល​កូ​វីដ មិនអាច​ចេញទៅ​ពេទ្យ​រដ្ឋ បានទេ ហើយ​ពួកគេ ក៏ត្រូវ​ថៅកែ​ចិន បង្ខាំង​ឲ្យ​ធ្វើការ​នៅកាស៊ី​ណូ អន​ឡាញ​នោះ ជាង ១​ឆ្នាំ​មកហើយ​។ ករណី​ឆ្លង​កូ​វីដ ក្នុង​កាស៊ីណូ​នោះ ក៏មាន​ស្ត្រី​បុគ្គលិក​ខ្មែរ ម្នាក់ ស្លាប់​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅ​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​ករណី​ផ្ទុះ​ឆ្លង​កូ​វីដ នៅក្នុង​កាស៊ីណូ ដឺ​សេន​ជូ​រី នៅ​តំបន់​អូរ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ករណី​ឆ្លង​កូ​វីដ​នោះ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ទៅធ្វើ​តេស្ត រកឃើញ​បុគ្គលិក​ឆ្លង​កូ​វីដ ចាប់តាំងពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​។ អាជ្ញាធរ បាន​យក​ទីតាំង​កាស៊ីណូ​នោះ ធ្វើជា​កន្លែង​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​បុគ្គលិក​កាស៊ីណូ ដែលមាន​ថៅកែ​ចិន នៅ​ទីនោះ​តែម្តង​។ ក្រុមគ្រូពេទ្យ ក៏​ផ្តល់​ជំរើស​ឲ្យ​បុគ្គលិក ២ គឺ​ស្នាក់នៅ​ព្យាបាល​ក្នុង​កាស៊ីណូ​នេះ ឬក៏​ទៅ​ពេទ្យ​រដ្ឋ​។ តែ​បុគ្គលិក​ទាំងអស់ សម្រេច​នៅក្នុង​កាស៊ីណូ ហើយ​សូម្បី​អ្នក Live ហ្វេ​ស​ប៊ុ​ក​នោះ អាជ្ញាធរ និង​ពេទ្យ អញ្ជើញ​គាត់​ទៅ​ពេទ្យ ក៏​គាត់​មិន​ព្រមទៅ និង​សុខចិត្ត​នៅ​សម្រាក​ព្យាបាល​ក្នុង​កាស៊ីណូ​ដែរ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី ម្នាក់ ដែល​ឆ្លង​កូ​វីដ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ តែ​សេចក្តីប្រកាស លើកឡើងថា ស្ត្រី​អាយុ ២៨​ឆ្នាំ​នោះ មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ទេ គឺ​ស្លាប់ ដោយសារតែ​ពុល​អាហារ​។​

​យ៉ាងណាក៏ដោយ ក្នុង Comment លើ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បង្ហោះ​ខ្លី​ប​វិ​ដេ​អូរ​បស់​ក្រុម​ស្ត្រី​បុគ្គលិក​កាស៊ីណូ ដឹ​សេន​ជូ​រី នៅ​ថ្ងៃអាទិត្យ ទី​៣ ខែតុលា​នេះ ក៏មាន​អ្នក​ចូល Comment ដោយ​លើកឡើងថា ក្រុម​ស្ត្រី​បុគ្គលិក ដែល​ចេញ​វិ​ដេ​អូ​ចុង​ក្រោយនេះ ខំប្រឹង​បំប៉ោង ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ថៅកែ​ចិន hotel និង casino ភាគច្រើន ដូចជា មិនបាន​យកចិត្តទុកដាក់​ដូច​ប្អូនៗ លើកទ្បើង​នោះទេ​។ ច្បាប់​ការងារ​ទៀតសោត តាមតែ​មាត់​ចិន ហើយ​ដូចជា ពុំដែល​បានឃើញ​ខាង​មន្ទីរ​ការងារ ចុះ​ធ្វើ​អធិការកិច្ច​អ្វី​សោះ​នោះ​ទ្បើ​យ​។ ពិត ឬ​មិន​ពិត ស្ទង់​មតិ​កូន​ខ្មែរ ដែល​កំពុង​បំរើការ​នានា ក្នុង​ក្រុង​ទៅ​ដឹង​ហើយ​។​

​ក៏មាន Comment ផ្សេងទៀត លើកឡើងថា បើ​ល្អ​ចឹ​ង ចុះ​មិន​បកស្រាយ​រឿង កាល​ថ្ងៃទី​២៣ ដែលមាន​បុគ្គលិក​សន្លប់ ១១​នាក់ ហើយ​អ្នកគ្រប់គ្រង​រវល់​ធ្វើ​អី ទើប​មិន​មក​មើល​ផង​។ ឮ​ហើយ​ចង់តែ​សើច​មនុស្ស​ក្បត់​ឧ​ត្ត​ម​គតិ​ខ្លួន ដើម្បី​លុយ​។​

​ក្នុងនោះ ក៏មាន​អ្នក​តប​នឹង Comment ខាងលើ​ថា គេ​រៀបនឹង​យកទៅ​ពេទ្យ​ហើយ តែ​ស្របពេល​នឹង មាន​ក្រុម​បាតុកម្ម មក​ធ្វើបាតុកម្ម​តែម្ដង​។ ទើប​មិនបាន​យកទៅ​វិញ ហើយ​បន្ទាប់មក ពួកគាត់ ក៏បាន​ដឹងខ្លួន​វិញ​។

​យ៉ាងណាក៏ដោយ ចំពោះ​ការ​លើកឡើងថា មានការ​បង្ខាំង និង​បង្ខំ​បុគ្គលិក ឲ្យ​ធ្វើការ នៅក្នុង​កាស៊ីណូ​ខាងលើ ដោយ​គ្មាន​ការព្រមព្រៀង ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ បានប្រកាស​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ថា រដ្ឋបាលខេត្ត នឹងធ្វើ​ការស៊ើបអង្កេត​ឲ្យ​បាន​លម្អិត​បំផុត​។ ករណី​រកឃើញ មាន​ប្រព្រឹត្ត​បទល្មើស នោះ​រដ្ឋបាលខេត្ត នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​តែ​មកដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រះសីហនុ មិនទាន់​ប្រកាស​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ថា​នៅ​កាស៊ីណូ ដឹ​សេន​ជូ​រី មាន​ករណី​បង្ខាំង និង​បង្ខំ​បុគ្គលិក​ឲ្យ​ធ្វើការ ដូច​ការលើកឡើង​រប​ស់​បុគ្គលិក​មួយចំនួន ដែរ ឬ​យ៉ាងណា នៅឡើយ​ទេ​៕​

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply