រាជធានីភ្នំពេញ៖ ពិតណាស់ ជីវិតមនុស្សយើងមិនទៀង ហើយក៏មើលមិនឃើញថា មានអ្វីដែលនឹងកើតឡើងនាពេលអនាគតនោះដែរ ក្នុងនោះ មានតារាពីរដួង ដែលធ្លាប់តែមានជីវិតហ៊ឺហារ ហាយសូ ស៊ីវីល័យ និងស្គាល់តែភាពសប្បាយរីករាយ និង ពន្លឺភ្លើងពណ៍ ពោលគឺ តារាស៊ិចស៊ី សេង សូណា និង តារាកំប្លែង រ៉េន សុធារី ហៅនាងឃ្មឹប។
តារាស៊ិចស៊ី សេង សូណា គឺជាអតីតតារាសម្តែងមួយរូបធ្លាប់តែមានជីវិតស្រស់បំព្រង តែពេលនេះ រូបនាងបែរជាធ្លាក់មានជំងឺច្រើនមុខរួមរឹត ហើយថែមទាំងឆ្លងកូវីដ១៩ បូកផ្សំជាមួយជីវភាពក៏ខ្វះមុខខ្វះក្រោយ ដល់ថ្នាក់រូបនាង ហ៊ានទម្លាយ ហើយដង្ហើយហៅសុំជំនួយនៅលើបណ្តាញសង្គមថែមទៀត។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់នាង បានឱ្យដឹងថា ចាប់តាំងពីនាងថតរឿងចុងក្រោយ ដោយការសិចស៊ីជ្រុល និងមានការណែនាំកែខ្លួនមក នាងអត់មានខាងណាហៅថតទៀតទេ។ សូម្បីស្ព៉ត ថតខារ៉ាអូខេ ឬរឿងផ្សេងៗ គឺដាច់ឈឹង២ឆ្នាំ គ្មានចំណូលអ្វីក្រៅពីចំណាយ។ ក្នុងនោះ តារាស្រីរូបនេះ បានសារភាពថា នាងមិនមានផ្ទះសម្បែងក្នុងក្រុងភ្នំពេញទេ ពោលជួលផ្ទះគេស្នាក់នៅរហូតមក។ នាងបានបដិសេធចំពោះការចោទថា នាង លង់ខ្លួនចាញ់បោកប្រុសឈ្មោល ឬលេងល្បែងមិនមានឡើយ។

ហើយពេលនេះ តារាស៊ិចស៊ី សេង សូណា សុំអំពាវនាវសប្បុរសធម៍ជួយនាងយកតែបុណ្យ ដោយជួយសង់ឱ្យនាង នូវផ្ទះប្រក់សង្ក័សី តូចមួយ៣ឬ៤ម៉ែត្រ បួនជ្រុង នៅជ្រកកុំដើរជួលគេ។

ចំណែកឯ តារាស្រីមួយរូបទៀត គឺជាអតីតតារាកំប្លែងក្នុងក្រុមជាមួយ នាយកុយ គឺ អ្នកនាង រ៉េន សុធារី ហៅនាងឃ្មឹប ដែលបច្ចុប្បន្ននេះ អតីតតារាកំប្លែងរូបនេះ តាមព័ត៍មានថ្មីៗនេះ នាងប្រកបចិញ្ចឹមជីវិតជាសន្តិសុខ ហើយកន្លងមក ក៏មានបញ្ហា គេមិនបើកលុយឱ្យផងដែរ ក្រោមហេតុផលថា នាង និងស្វាមីជាសន្តិសុខដូចគ្នា ធ្វើការមិនបានល្អ។

សូមរំលឹកផងដែរថា នាងឃ្មឹប ធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយក៏ធ្លាប់ជាប់គុក និងចុងក្រោយនេះ រូបនាងក៏បានកែប្រែខ្លួនកសាងជីវិតសារជាថ្មី ដោយមកប្រកបរបរជាសន្តិសុខយាមកាម ជាមួយស្វាមីវ័យក្មេងរបស់នាង យាមនៅផ្សារសេប៉េសេ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ៕





