ខេត្តព្រៃវែង៖ នៅទីបំផុតនោះ ករណីសំណុំរឿងឃាតកម្មលើប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខាស្រុកស្វាយអន្ទរ ត្រូវបានសមត្ថកិច្ចលាតត្រដាង ហើយក្រោយពីចុះស្រាវជ្រាវអស់រយៈពេលមួយថ្ងៃមួយយប់មក។
សូមបញ្ជាក់ថា នារីរងគ្រោះជាប្រធានគណនេយ្យមានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងមានមុខរបរជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍ សាខាស្រុកស្វាយអន្ទរ។នាង ត្រូវគេសម្លាប់នៅកន្លែងធ្វើការ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងនោះ បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹង នៅរសៀលថ្ងៃទី ២៧ កញ្ញា នេះថា ក្រោយពីត្រូវបានចាប់ខ្លួននិងតាមរយៈការសួរចម្លើយអស់រយៈពេលមួយព្រឹក ជនសង្ស័យឈ្មោះ យ៉ុម ចន្ថា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានសម្លាប់នារីរងគ្រោះមែន ដោយសារតែចង់បំបិទមាត់ កុំឱ្យនាងប្តឹងទៅសមត្ថកិច្ច។

លោកស្នងការរងរូបនេះ បានបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យរូបគេបានរៀបចំផែនការទុកជាមុន ដោយឲ្យបុគ្គលិកទាំងអស់ នាំគ្នាទៅដើរលេងកំសាន្តនៅខេត្តកំពង់ចាម បន្ទាប់មកក៏ហៅនារីរងគ្រោះឲ្យទៅកន្លែងធ្វើការ រួចបង្ខំអោយនាងប្រាប់លេខកូដសម្ងាត់ទូដែក យកលុយបានមួយចំនួនធំ រួចក៏ចាប់នារីរងគ្រោះចងដៃចងជើង នឹងច្របាច់.ក ខ្ទប់ដង្ហើមសម្លា.ប់ចោលតែម្ដង។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានយកលុយដែលយកបានពីក្នុងទូដែក ធ្វើដំណើរទៅផ្ទះនៅស្រុកពាមរក៍ ហើយជួបជុំផឹកស៊ីជាមួយមិត្តភក្តិបងប្អូនធ្វើដូចធម្មតា រហូតដល់ល្ងាចទើបសំដែងធ្វើជាចុកពោះឱ្យប្រពន្ធមកមើល ហើយប្រាប់ប្រពន្ធថា ខ្លួនបានលេបថ្នាំកណ្តុរ ទើបប្រពន្ធនិងក្រុមគ្រួសារ នាំគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងរហូតត្រូវបានសមត្ថកិច្ចតាមរកឃើញនិងចាប់ខ្លួនបានតែម្ដង។

តាមប្រភពដដែលបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឲ្យទៅធ្វើត្រាប់ពីការសម្លាប់ជនរងគ្រោះ និងចាត់កម្លាំងឱ្យចុះទៅតាមស្វែងរកលុយមួយចំនួនធំដែលជនសង្ស័យបានលួចយកទៅនោះត្រឡប់មកវិញ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីអនុវត្តទៅផ្លូវច្បាប់៕
ប្រភព៖ KSP

