ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញម៉ូតូកង់បីឥណ្ឌាធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅលិច ហើយពេលមកដល់ចំណុចផ្លូវបែកជាបួន ម៉ូតូកង់បីឥណ្ឌាក៏បានព្យាយាមបត់ឆ្វេងឆ្លងថ្នល់ ក្នុងគោលបំណងទៅផ្ទះនៅភូមិអូរស្រឡៅ ស្របពេលនោះគេក៏បានឃើញរថយន្តដែលធ្វើដំណើរពីលិចទៅកើត ក្នុងគោលដៅផ្ទុយគ្នាស្ថិតក្នុងល្បឿនយ៉ាងលឿនគួរសមដែរ បានមកបុកម៉ូតូកង់បីឥណ្ឌាប៉ើងក្រឡាប់ខ្ទាតមនុស្សចេញរប៉ាត់រប៉ាយពេញចិញ្ចើមថ្នល់តែម្តង។
ប្រភពដដែលបានបញ្ជាក់ថា ភ្លាមៗនោះ គេឃើញអ្នកបើកបររថយន្តបានបើកទ្វារចុះ រួចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណៈពេលអ្នកជិះម៉ូតូកង់បីឥណ្ឌាចំនួន៧ទៅ៨នាក់ រួមមានក្មេង មានចាស់របួសដេកពេញថ្នល់ ហើយក្មេងស្រីម្នាក់បាត់ដង្ហើមឈឹងផងដែរ។

សមត្ថកិច្ចបាននិយាយប្រាប់ថា បើតាមពិនិត្យស្លាកស្នាម គឺភាគីម៉ូតូកង់បីឥណ្ឌាបានព្យាយាមបត់ឆ្វេងឆ្លងថ្នល់ត្រង់ចំណុចផ្លូវប្រសព្វ (ផ្លូវបែកជាបួន) ដោយខ្វះការប្រុងប្រយ័ត្នមិនបានមើលមុខក្រោយ ទើបត្រូវរថយន្តមកពីមុខដែលបើកលឿនផងនោះ ក៏ជ្រុលទៅបុកតែម្ដង។ ពោលគឺឧប្បតិហេតុគ្រោះថ្នាក់នេះ គឺកើតឡើងដោយសារការធ្វើដំណើររបស់ភាគីទាំង២ខ្វះការប្រុងប្រយ័ត្ន ទើបជួបមហន្តរាយដល់អាយុជីវិតបែបនេះ។ទោះយ៉ាងណា មន្ត្រីចរាចរណ៍បាននាំយកមធ្យោបាយបង្កគ្រោះថ្នាក់ទាំង០២ភាគីទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ហើយ៕

ប្រភព៖ កោះសន្តិភាព