តាមប្រភពព័ត៌មានបានឱ្យដឹងថា ៖ រថយន្តមួយគ្រឿងដែលជួបគ្រោះថ្នាក់ និងរងការខូចខាតស្ទើរទាំងស្រុងខាងលើម៉ាកវីហ្គោ (Vigo) ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយឈ្មោះ សឿ ភីរ៉ា អាយុ២៨ឆ្នាំ រស់នៅក្រុងប៉ៃលិន អត់មានរងរបួស និងអ្នករួមដំណើរប្រុសស្រីចំនួន៣នាក់ផ្សេងទៀត ដែលសុទ្ធតែជាយុវវ័យ មិនស្គាល់អត្តសញ្ញាណនោះទេ រស់នៅក្នុងក្រុងប៉ៃលិន ។

តាមប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ជិះគ្នា៤នាក់ ដោយសុទ្ធតែជាយុវវ័យ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរចេញពីទឹកដីបានឡែម ភូមិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចូលមកដល់ក្នុងទឹកដីខេត្តប៉ៃលិន ក៏បើកបរក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃ បុកដើមឈើបាក់អស់១ដើម និងបង្គោលស៊ីម៉ង់តិ៍បាក់អស់១ដើមដែរ រួចក៏ក្រឡា.ប់ជាច្រើនត្រឡប់ ធ្លា.ក់ចូលប្រឡាយអត់ទឹក បណ្តាលឱ្យរងការខូចខាតតែម្តង ។

តាមប្រភពបានបញ្ជាក់ទៀតថា នេះពិតជាសំណាង១លើ១០០០សំណាងហើយ ដែលរថយន្តខាងលើបើកបរក្នុងល្បឿនលឿន ហើយក្រឡាប់ច្រើនត្រឡប់ ទទួលរងការខូចខាតយ៉ាងដំណំ តែមនុស្សដែលជិះនៅក្នុងរថយន្ត បែរជាមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិត ។

រហូតមកដល់ព្រឹកថ្ងៃដដែល កម្លាំងនគរបាលបានចុះពិនិត្យ និងឱ្យក្រុមគ្រួសារជនរងគ្រោះ ស្ទូចរថយន្តយកទៅជួសជុលនៅក្នុងក្រុងប៉ៃលិន ។ទោះបីជាយ៉ាងណា សូមអ្នកបើកបររថយន្តទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយពិនិត្យមើលស្លាកសញ្ញាបង្ហាញពីគ្រោះថ្នាក់នៅតាមក្បែរចិញ្ចើមដងផ្លូវផងដែរ បើមិនដូច្នោះទេ អាចនឹងកើតមានដូចករណីមួយនេះជាក់ជាមិនខាន ៕

ប្រភព៖ កោះសន្តិភាព