ចិន៖ ដោយសារមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករ រវាងអ្នកគាំទ្រតារាសម្ដែង Wang Yi Bo និងតារាស្រីជួរមុខរបស់ចិន កញ្ញា Zhao Li Ying ធ្វើឲ្យក្រសួងបានចេញសេចក្ដីសម្រេចបិទគណនីបណ្ដាញសង្គមរបស់នាងជាច្រើន រួមទាំងគណនីក្រុមហ៊ុនរបស់នាងជាបន្តបន្ទាប់ផងដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះថ្ងៃទី២៦ ខែសីហា បានរាយការណ៍ថា មន្ទីរគ្រប់គ្រងសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសចិន បានប្រកាសក្ដែងៗថានឹងធ្វើការផ្អាកដំណើរការរាល់គណនីបណ្ដាញសង្គមផ្លូវការនានារបស់តារាស្រីលំដាប់ជួរមុខ កញ្ញា Zhao Li Ying ក្រោយពេលនាងមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន ដោយទុកឲ្យពួកគេដើរឈ្លោះប្រកែក និងប្រើសម្ដីមិនសមរម្យលើអ្នកដទៃ ដោយបង្ករជាជម្លោះពេញបណ្ដាញសង្គម។

ក្រោយអ្នកគាំទ្រទាំងនោះឈ្លោះប្រកែកគ្នា មន្ទីរគ្រប់គ្រងសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសចិន បានចេញមុខដោយធ្វើការសម្រេចលុបគណនីបណ្ដាញសង្គមសរុបចំនួន ១៤០០ និងធ្វើការផ្អាកចំនួន២៥០គណនី ចំណែកឯក្រុមហ៊ុនរបស់ Zhao Li Ying ដែលគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនមិនបានល្អ ក៏ត្រូវធ្វើការផ្អាករយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ទុកជាការព្រមាន៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ រចនា