ចិន៖ លោក Zhang Zhehan ត្រូវបានម្ចាស់ប្រេនល្បីៗដែលខ្លួនបានធ្វើការជាមួយ ជាង២០ប្រេន សម្រេចផ្ដាច់កុងត្រាចោលវិញភ្លាមៗ ក្រោយធ្លាយរូបភាពចាស់ៗរបស់លោក ដែលបានថតនៅអាស្រមប្រទេសជប៉ុន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ បានរៀបរាប់ថា តារាប្រុសលំដាប់ជួរមុខរបស់ចិន លោក Zhang Zhehan ធ្លាប់បានថតរូបនៅអាស្រម Yasukuni និង Nogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាប្រជាជនចិនមានការខឹងសម្បារជាខ្លាំង។មូលហេតុដែលនាំឲ្យមានការខឹងសម្បារនេះកើតឡើង ព្រោះថាតារាប្រុសម្នាក់នេះបានទៅថតរូបកន្លែងសម្រាប់រំលឹកដល់កងទ័ពជប៉ុន ដែលនៅក្នុងសង្គ្រាមលោកលើកទី២ ធ្លាប់បានវាយប្រទេសអាស៊ីជាច្រើន នៅក្នុងនោះមានប្រទេសកូរ៉េ និងប្រទេសចិនជាដើម។

ក្រោយរូបភាពនោះត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម ប្រជាជនចិនបានទាមទាឲ្យម្ចាស់ប្រេនទាំងអស់បញ្ចប់កុងត្រាជាមួយ តារាប្រុសរូបស្រស់នេះភ្លាម បើមិនដូចច្នេះទេ ពួកគេនឹងមិនទិញទំនិញទាំងនោះទៀតឡើយ។យ៉ាងណាមិញមកទល់ហ្នឹងពេលនេះ ក្រុមហ៊ុនទាំងអស់ខាងលើបានសម្រេចចិត្ត បញ្ចប់កុងត្រាជាមួយលោក Zhang Zhehan ត្រឹមរយៈពេលប្រមាណជា ២៤ម៉ោងតែប៉ុណ្ណោៈ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ រចនា