ភ្នំពេញ៖បើនិយាយពីតារាស្រីបែបស្រគត់ស្រគំ សំលេងស្រទន់ សុភាពរាបសារ លោកអ្នកប្រាកដជានឹកឃើញដល់ឈ្មោះតារាស្រីល្បីឈ្មោះម្នាក់ នោះគឺអ្នកនាង និសា។សុគន្ធ និសា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ចំពោះបទចំរៀងដែលអ្នកនាងបានចេញលើទីផ្សារ សុទ្ធតែទទួលបានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បើយោងតាមការបង្ហោះជាសាធារណៈនៅលើទំព័រ Story IG ផ្លូវការរបស់អ្នកនាង សុគន្ធ និសា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានរៀបរាប់យ៉ាងដូចច្នេះថា បន្ទាប់ពីជាសះស្បាយពីជំងឺកូវីដជាង១ខែមកនេះ អ្នកនាងស្រាប់តែជ្រុះសក់មកទាំងដៃៗស្ទើររាល់ថ្ងៃ ស្ដាប់ហើយគួរឲ្យបារម្ភ។

សូមបញ្ជាក់ដែលថាតារាស្រីស្រគត់ស្រគំរូបនេះ ទើបតែជាពីជំងឺកូវីដ-១៩ ថ្មីៗនេះដែលទេ ហើយអ្នកនាងបានឆ្លងជំងឺមួយនេះ នៅចន្លោះខែមេសាពីមិត្តរួមអាជីពរបស់ខ្លួន។ បន្ទាប់ពីដឹងខ្លួនថាមានផ្ទុកជំងឺដ៏កាចសាហាវនេះរួចមក និសា ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលនៅអតីតសណ្ឋាគារមួយកន្លែងក្នុងក្រុងភ្នំពេញ ព្រមទាំងទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។
ងាកមករឿងជ្រុះសក់វិញ ជារឿយៗ និសា ប្រាប់ថារាល់ពេលដែលអ្នកនាងងូចទឹកគឺមានសក់ជ្រុះតែម្ដង ហើយជ្រុះច្រើនខុសពីធម្មតាដែលធ្វើឲ្យអ្នកនាងមានការេព្រួយបារម្ភជាខ្លាំងជុំវិញបញ្ហាមួយនេះ៕
អត្ថបទ៖ រ៉ន សុផាន់ណា